ហ្វូងដង្កូវចេញរាតត្បាតបំផ្លាញដំណាំស្រូវនិងដំឡូងមីយ៉ាងគំហុក
ខេត្តស្ទឹងត្រែង ៖
ហ្វូងសត្វដង្កូវបាននិងកំពុងរាតត្បាតស៊ីបំផ្លាញដំណាំស្រូវនិងដំឡូងមីរបស់ប្រជាកសិករយ៉ាងគំហុកនៅស្រុកថាឡាបរិវ៉ាត់
ដោយសារការប្រែប្រួលអាកាសធាតុ ។
ប្រធានការរិយាល័យការពារដំណាំនៃអគ្គនាយកដ្ឋានដំណាំអនាម័យនៃក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ លោកកង សារ៉េត បានបញ្ជាក់ថា
បញ្ហាដែលកសិករជួបប្រទះនេះស្នើឲ្យបងប្អូនជាម្ចាស់ចម្ការនីមួយៗធ្វើការតាមដានឱ្យបានដិតដល់
ព្រោះថា ធ្វើការងារបង្កបង្កើនផល តែងតែពឹងផ្អែកទៅលើផលដំណាំនេះហើយ
ដើម្បីធានានូវសន្តិសុខស្បៀងសំរាប់ការរស់នៅ ។
លោកបន្តទៀតថា
បងប្អូនកសិករត្រូវអនុវត្តតាមមន្ត្រីជំនាញបច្ចេកទេសដែលបានណែនាំបើមានលទ្ធភាព
អាចជីកប្រឡាយព័ទ្ធជំវិញ ហើយបញ្ចូលទឹកនិងបាចកំបោរ
ហើយសំអាតព្រៃដែលនៅជុំវិញផង
ដើម្បីកំចាត់សត្វចង្រៃកុំឱ្យមកស៊ីដំណាំ
នេះជាវិធីសាស្ត្រធ្វើបែបធម្មជាតិនៅតាមមូលដ្ឋានយើង ។
ហើយជម្រើសទី២
គឺប្រើថ្នាំគីមីបាញ់សម្លាប់តែម្តង
តែត្រូវអនុវត្តតាមការណែនាំដើម្បីយើងថែរក្សាសុខភាពចៀសវាងពីការពុលដោយសារការប្រើថ្នាំគីមីពុល
។ លោកស្រី មិល ភាន កសិករនៅភូមិពងទឹក
បានសម្តែងការព្រួយបារម្ភទៅលើដំណាំស្រូវដែលបច្ចុប្បន្នកសិករយើងដាំដុះបានលូតលាស់ហើយ
បែរជាមានហ្វូងសត្វដង្កូវកើតច្រើនមីដេរដាស់មកស៊ីស្រូវ
តែមួយយប់២យប់អស់មួយស្រែតែម្តង ។
លោក គឹមជឿន
តំណាងឱ្យកសិករដាំដំឡូងមី នៅភូមិរុន ឃុំកាំងចាម បានអះអាងថា
ប៉ុន្មានឆ្នាំកន្លងមក
មិនដែលកើតមានហ្វូងសត្វដង្កូវមកស៊ីបំផ្លាញស្រូវ និងដំឡូងនេះទេ
តែឆ្នាំ២០២៤នេះកសិករ ជួបប្រទះស្ទើរគ្រប់ទីកន្លែងហើយ ។
លោកសាទរបានមន្ត្រីជំនាញកសិកម្ម ថ្នាក់ក្រសួង
និងខេត្តបន្តចុះមកណែនាំផ្តល់ពីបច្ចេកទេសនិងវិធីសាស្ត្រ
ដើម្បីកំចាត់សត្វចង្រៃនេះ
ហើយលោកនិងបន្តផ្សព្វផ្សាយជូនទៅកសិករផ្សេងៗទៀត
ដើម្បីរូមគ្នាសម្លាប់ហ្វូងសត្វដង្កូវនេះ ។
សូមបញ្ជាក់ថា
បញ្ហាប្រឈមនេះមន្ត្រីជំនាញមន្ទីរកសិកម្មរុក្ខាប្រមាញ់
និងនេសាទខេត្ត ប្រកាសជូនដំណឹង ដល់កសិករគ្រប់មូលដ្ឋាន
បើកើតមានសត្វដង្កូវហ្វូងមកស៊ីបំផ្លាញដំណាំអ្វីក៏ដោយ
ត្រូវផ្តល់ព័ត៌មានជូន ទៅអាជ្ញាធរ ភូមិ ឃុំ
ឬមកមន្ទីរកសិកម្មផ្ទាល់ក៏បាន និងអាចទាក់ទងតាមលេខទូរស័ព្ទ ០៩៧
២៣៦ ៦១៤ ៥ ដើម្បីមានវិធានការទប់ស្កាត់ឲ្យទាន់ពេល៕
Post a Comment