មេឈ្មួញជើងខ្លាំងឈ្មោះ ស៊ុន ធារិទ្ធ(ហៅ)ប៉ោងរកសុីបទល្មើសដឹកលៀសចំណីនិងលៀសឆាកា មន្ត្រីជំនាញរដ្ឋបាលជលផលសង្កាត់ខ័ណ្ឌដេកភ្លេចក្រោក

 មេឈ្មួញជើងខ្លាំងឈ្មោះ ស៊ុន ធារិទ្ធ(ហៅ)ប៉ោងរកសុីបទល្មើសដឹកលៀសចំណីនិងលៀសឆាកា

មន្ត្រីជំនាញរដ្ឋបាលជលផលសង្កាត់ខ័ណ្ឌដេកភ្លេចក្រោក


ចេញផ្សាយដោយគេហទំព័រ.Achhareyeak News

ថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៤


ខេត្តកំពង់ឆ្នាំង៖   ជាក់ស្ដែងនៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានបានប្រទះឃើញសកម្មភាពដឹក ជញ្ជូនលៀស តាមកាណូតធំៗប្រើប្រាស់ដោយកម្លាំងម៉ាសុីនធំៗជាច្រើនគ្រឿង ដែលមានច្រកលៀសច្រើនការ៉ុង កំពុងលើកឡើងលើគោកនៅមាត់ទឹកក្រោយផ្សារសមុទ្រទឹកសាបស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុក បរិបូណ៌ ដើម្បីដឹកជញ្ជូនតាមរថយន្តយកទៅស្រុកក្រគរខេត្តពោធិ៍សាត់បន្តយកទៅលក់នៅឯប្រទេសវៀតណាម។


អ្នកកាវលៀសខុសច្បាប់ទាំងនោះបាននិយាយប្រាប់អ្នកសារព័ត៌មានថា លៀសទាំងនេះពួកគេបានកាវកើបយក ពីក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ធំហើយបាននាំគ្នាដឹក យកមកលក់ឱ្យមេឈ្មួញជើងខ្លាំងឈ្មោះ ស៊ុន ធារិទ្ធ(ហៅ)ប៉ោង នៅមាត់ទឹកក្រោយផ្សារសមុទ្រទឹកសាបស្ថិតក្នុងឃុំឆ្នុកទ្រូ។


ករណីនេះបានធ្វើឲ្យមតិសាធារណជន មានការងឿងឆ្ងល់ និងរិះគន់ផងដែរ ចំពោះសកម្មភាពនេសាទលៀស និងការដឹកជញ្ជូនលៀសចម្រុះក្នុងរូបភាពទ្រង់ទ្រាយធំបែបនេះ ដែលសកម្មភាពនេះគេសង្កេតឃើញកើត មានតាំងពីរដូវបិទនេសាទរហូតដល់រដូវបើកចំណែកអ្នកនេសាទលៀស គឺគេបានប្រើនូវឧបករណ៍កាវលៀសវែងៗដែលអាចកាវចូលដល់ជម្រៅបាតទន្លេជ្រៅធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីនិងជីវចម្រុះយ៉ាងធ្ងន់ធ្ងរ។


ចំណែកម៉ាស៊ីនដែលគេប្រើបំពាក់ឧបករណ៍អូស និងកាវលៀសវិញទូកខ្លះ គឺចាប់ ពី៤ទៅដល់៦ម៉ាស៊ីន ដែលធ្វើឱ្យខុសច្បាប់ស្ដីពីជលផលដែលអនុញ្ញាតឲ្យរកបានតែដោយដៃតែប៉ុណ្ណោះ។


ពាក់ព័ន្ធនឹងករណីដែលកើតមានការនេសាទលៀស និងការដឹកជញ្ជូនលៀសខុសច្បាប់ខាងលើនេះលោក កែវធូ នាយសង្កាត់រដ្ឋបាលជលផលបរិបូណ៌ បានប្រាប់បណ្ដាញព័ត៌មាន នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ករណីការដឹកជញ្ជូនលៀសចម្រុះ និងការនេសាទលៀសដោយប្រើកម្លាំងម៉ាស៊ីនបច្ចុប្បន្ននេះលោកទទួលស្គាល់ថា គឺពិតជាកើតមានប្រាកដមែន។


 តែដោយឡែកនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង គឺគ្រាន់ តែជាទីកន្លែងសម្រាប់ក្រុមឈ្មួញដឹកលៀសយកមកឡើងរថយន្តតែប៉ុណ្ណោះ។ រីឯប្រភពដើមនៃការនេសាទលៀសវិញ គឺក្រុមឈ្មួញគេបានធ្វើសកម្មភាពនៅក្នុងទឹកដីនៃខេត្តផ្សេង គឺខេត្តកំពង់ធំ ។


លោក ឈិន តួ កម្លាំងរបស់អធិការរដ្ឋានជលផលខាងត្បូងបឹងទន្លេសាប បានប្រាប់បណ្ដាញព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកាថា ការនេសាទលៀសប្រើដោយកម្លាំងម៉ាស៊ីន គឺច្បាប់ស្ដីពីជលផល មិនអនុញ្ញាតដាច់ខាត បច្ចុប្បន្នដែលមានការអនុញ្ញាតឱ្យពលរដ្ឋនៅក្នុងភូមិឆ្នុកទ្រូមួយចំនួន ដឹកជញ្ជូនលៀសយកទៅផ្គត់ផ្គង់ក្នុងទីផ្សារ ដោយសារតែយល់ឃើញថា ពួកគាត់មិនមានដីសម្រាប់ធ្វើស្រែ ហេតុនេះហើយទើបបានអនុ គ្រោះឲ្យពួកគាត់ខ្លះ តែសុំឲ្យពួកគាត់អនុវត្តទៅតាមការណែនាំរបស់មន្ត្រីជំនាញ ដោយមិនអនុញ្ញាតឲ្យពួកគាត់ដឹកលៀសឆាកា ឬលៀសចំណីសត្វយកទៅលក់នោះឡើយ។


បើតាមមន្ត្រីជំនាញរដ្ឋបាលជលផលម្នាក់បានប្រាប់ថា ករណីការនេសាទលៀស ខ្យង ខ្ចៅ គ្រុំ នៅបាតទន្លេគឺច្បាប់ស្ដីពីជលផលហាមដាច់ខាត ការនេសាទប្រើដោយកម្លាំងម៉ាស៊ីនធំៗដូចខាងលើនេះ ព្រោះវាបានធ្វើឲ្យមានផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរណាស់ ដល់ប្រព័ន្ធអេកូឡូស៉ី និងប្រព័ន្ធជីវៈចម្រុះនៅបាតទន្លេ ព្រោះថា៖ លៀស ខ្យង ខ្ចៅ និងគ្រុំ នៅបាតទន្លេយូរៗទៅវានិងរលួយ ហើយក្លាយជាចំណីរពពួកត្រីធំៗជាច្រើនប្រភេទ ដូចជាប្រភេទត្រី ប្រាខ្ចៅ ត្រីប្រម៉ា ត្រីដំរី ត្រីគល់រាំង ត្រីសណ្ដាយ ត្រីក្រពាត់ ត្រីគ្រុំ និងពពួកត្រីល្អៗជាច្រើនប្រ ភេទទៀត។ល។។


មិនតែប៉ុណ្ណោះផ្ទៃបាតផុកនៃទន្លេសាប ក៏ជាកន្លែងយ៉ាងសំខាន់សម្រាប់ពពួកត្រីទាំងអស់ខាងលើនេះ ពងកូននៅក្នុងដីល្បាប់នៃបាតទន្លេទាំងនោះផងដែរ។ហេតុនេះហើយទើបគេមានច្បាប់ហាមឃាត់ការនេសាទប្រើដោយកម្លាំងម៉ាស៊ីន ដែលមានចែងនៅក្នុងច្បាប់ស្ដីពីជលផល។


ដូច្នេះបើសមត្ថកិច្ចយើងមិនអាចទប់ស្កាត់ចំពោះការនេសាទលៀស ប្រើកម្លាំងម៉ាស៊ីនដូចសព្វថ្ងៃនេះ តាមច្បាប់ស្ដីពីជលផលបាននោះទេ ពូជត្រីល្អៗដូចដែលបានរៀបរាប់ខាងលើ នឹងត្រូវវិនាសបាត់បង់ពីផ្ទៃបឹងទន្លេ សាបថ្ងៃណាមួយជាក់ជាមិនខាននោះឡើយ៕









Powered by Blogger.